I want to go back

ទិវាអេដស៍ពិភពលោក៖ កុមារដែលមានផ្ទុកមេរោគអេដស៍ គួរទទួលបានការថែទាំជាពិសេស ដោយមិនរើសអើង!

ទារក ដែលកើតមកជាមួយនឹងមេរោគអេដស៍ មិនគួរទទួលបានការរើសអើងពីសង្គមនោះទេ ខណៈពួកគេជាជនរងគ្រោះរួចទៅហើយ។ ផ្ទុយទៅវិញ ពួកគេ គួរតែទទួលបានការថែទាំជាពិសេស ពីសំណាក់ក្រុមគ្រួសារ និងសង្គមជាតិ ដើម្បីបន្តអនាគតទៅមុខ។ ដោយសារតែមានការព្រួយបារម្ភពីសុខភាពកុមារ ដែលមានផ្ទុកមេរោគអេដស៍ទាំងនេះ ទើបមន្ទីរពេទ្យកុមារអង្គរ បានបង្កើតកម្មវិធីថែទាំអ្នកជំងឺអេដស៍ និងការថែទាំជំងឺតាមផ្ទះ ដែលហៅថា HIV/Home Care Unit តាំងពីឆ្នាំ ២០០១ និងកម្មវិធីផ្តល់ការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍ ដល់កុមារផ្ទុកមេរោគអេដស៍ចាប់ពីឆ្នាំ ២០០៣

លោក ប៉េង ឃុនចាន់ភត្រា ប្រធានកម្មវិធីអេដស៍ និងថែទាំជំងឺតាមផ្ទះនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា កុមារដែលមានផ្ទុកមេរោគអេដស៍ គឺត្រូវការការថែទាំខ្ពស់ និងគ្រប់ជ្រុងជ្រោយ ដូច្នេះទើបញុំាងឱ្យក្រុមការងាររបស់លោក ត្រូវធ្វើការតាមដានផ្ទាល់នៅតាមលំនៅស្ថានរបស់ពួកគេ។ លោកបាននិយាយថា ៖ «ពួកយើងចុះទៅផ្តល់ការថែទាំ ដល់ផ្ទះអ្នកជំងឺ ដើម្បីថែទាំផង បង្ការផង កុំឲ្យពួកគេ កើតមានជំងឺឱកាសនិយម។ មួយវិញទៀត ការចុះទៅផ្ទាល់នេះ ក៏ដើម្បីពង្រឹង ដល់អ្នកថែទាំកុមារឲ្យមានការយល់ដឹងកាន់តែច្បាស់ ក្នុងការថែទាំ ទាំងបញ្ហាផ្លូវកាយ ផ្លូវចិត្ត ការផ្តល់អាហារូបត្ថម្ភ ការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ ឲ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ព្រមទាំងស្វែងរក និងជួយដោះស្រាយនូវកត្តាសង្គមនានា ដែលជះឥទ្ធិពលមកលើការថែទាំកុមារ និងក្រុមគ្រួសារ។»

បើតាមប្រធានកម្មវិធីអេដស៍ និងថែទាំជំងឺតាមផ្ទះនៃមន្ទីរពេទ្យកុមារអង្គររូបនេះ តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៦នេះ មានកុមារដែលផ្ទុកមេរោគអេដស៍ ចំនួន ១១០៥នាក់ បានមកទទួលយកសេវាថែទាំ ពីគម្រោងរបស់មន្ទីរពេទ្យកុមារអង្គរ។ ហើយបច្ចុប្បន្ននេះ មានកុមារដែលផ្ទុកមេរោគអេដស៍ចំនួន ៤៣២នាក់ កំពុងស្ថិតនៅក្នុងកម្មវិធីព្យាបាល។

ការថែទាំអ្នកជំងឺជាកុមារ ដែលមានផ្ទុកមេរោគអេដស៍ ជួបប្រទះនូវបញ្ហាលំបាកច្រើន ក្នុងការរក្សាគុណភាពជីវិតរបស់ពួកគេឲ្យបានល្អ។ លោក ប៉េង ឃុនចាន់ភត្រា បានបញ្ជាក់ថា «ពេលដែលលំបាកបំផុត គឺនៅពេលដែលក្រុមកុមារទាំងនោះ បានផ្លាស់ប្តូរពីវ័យកុមារភាព ទៅជាមនុស្សពេញវ័យ។ នៅក្នុងដំណាក់កាលនេះ ពួកគេភាគច្រើនតែងតែភ្លើតភ្លើន ទៅតាមការអូសទាញនៃសង្គម ហើយគេមិនសូវយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាពឡើយ។ តែទោះយ៉ាងណាក៏ដោយ ក្រុមការងាររបស់យើង បានខិតខំប្រឹងប្រែងជួយថែទាំ ព្យាបាល ជំនួយស្មារតីដល់ពួកគេ និងសហការជាមួយដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើឱ្យប្រសើរនូវបញ្ហានេះ។»

ក្រៅពីកត្តាទាំងនេះ លោក ឃុនចាន់ភត្រា បានបន្ថែមថា ក្រុមការងាររបស់លោក ក៏កំពុងតែប្រឈមនឹងបញ្ហា ស្តង់ដារនៃបន្ទប់ពិគ្រោះយោបល់។ លោកបានអះអាងថា ៖ «ក្រុមការងារយើង នៅត្រូវការបន្ទប់ដែលមានស្តង់ដារមួយ ដើម្បីរក្សារាល់ការសម្ងាត់របស់អ្នក ដែលមកប្រឹក្សាយោបល់។ ពួកគាត់តែងតែមានការអៀនខ្មាស់ នៅពេលឃើញមនុស្សច្រើននៅជុំវិញខ្លួន ប៉ុន្តែយើងគ្មានជម្រើសនោះទេ ព្រោះថារាល់ថ្ងៃ យើងទទួលបានតែថវិកាជំនួយ ដើម្បីពង្រឹងលើសកម្មភាពអប់រំ ថែទាំ និងព្យាបាល យើងមិនទាន់ទទួលបានការឧបត្ថម្ភ សម្រាប់ការសាងសង់អគារ លក្ខណៈស្តង់ដារបំផុតមួយ នៅឡើយទេ»។

តំណាងឱ្យមន្ទីរពេទ្យកុមារអង្គរ លោក ប៉េង ឃុនចាន់ភត្រា យល់ឃើញថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពកុមារ ដែលមានផ្ទុកមេរោគអេដស៍ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ពីគ្រប់មជ្ឈដ្ឋាន ហើយជាពិសេស គឺត្រូវលុបបំបាត់រាល់ទម្រង់នៃការរើសអើងទៅលើកុមារទាំងនោះ។ មន្ទីរពេទ្យកុមារអង្គរ ក៏បានចូលរួមលុបបំបាត់ការរើសអើង និងផ្តល់ឱកាស ដល់កុមារដែលមានផ្ទុកមេរោគអេដស៍ (អាយុចន្លោះ ១៣ ទៅ១៦ឆ្នាំ) តាមរយៈការផ្តល់ការងារក្រៅម៉ោង ជាអ្នកប្រឹក្សាយោបល់ដល់ពួកគាត់ (Child Peer educator)

នៅក្នុងឱកាសទិវាអេដស៍ពិភពលោកនេះដែរ ប្រធានកម្មវិធីអេដស៍ និងថែទាំជំងឺតាមផ្ទះ នៃមន្ទីរពេទ្យកុមារអង្គរ បានសំណូមពរជាថ្មី ដល់មាតាបិតា ឫ អ្នកថែទាំ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការថែទាំសុខភាពកូនៗរបស់ខ្លួន ហើយកុមារជំទង់ផ្ទុកមេរោគអេដស៍ទាំងអស់ ត្រូវតែប្រយ័ត្នប្រយែង ក្នុងការសេពគប់មិត្តភក្តិ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវពង្រឹងខ្លួនឯង ឱ្យក្លាយជាពលរដ្ឋល្អ សម្រាប់សង្គមជាតិ ព្រមទាំងចូលរួមដើម្បីកាត់បន្ថយការចម្លង និងការឆ្លងរាលដាលនៃមេរោគអេដស៍ ក្នុងប្រទេសកម្ពុជា

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៨៨មក ពិភពលោក បានជ្រើសរើសយកថ្ងៃទី ១ខែធ្នូ ដើម្បីប្រារព្ធ «ទិវាអេដស៍ពិភពលោក»។ ទិវាអេដស៍ពិភពលោក ប្រារព្ធឡើង ដើម្បីដាស់តឿនពីហានិភ័យនៃមេរោគអេដស៍ និងក៏ដូចជាចូលរួមរំលែកទុក្ខ ដល់មនុស្សលោកដែលបានស្លាប់ដោយសារតែជំងឺអេដស៍៕

Share Button