I want to go back

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារអង្គរ៖«ឈប់ប្រើថ្នាំផ្សះ ដើម្បីព្យាបាលគ្រុនក្តៅ ឬផ្តាសាយ

«ព្រោះតែជំនឿ និងទីផ្សារលក់ថ្នាំ មានលក្ខណៈសេរីពេក ដូច្នេះហើយទើបប្រជាជនកម្ពុជា នៅតែយល់ខុសពីការប្រើប្រាស់ថ្នាំផ្សះ ដែលគេហៅថា antibiotic» នេះគឺជាការលើកឡើងរបស់លោក មីលីយ៉ា ធីល វេជ្ជបណ្ឌិតផ្នែកមីក្រុបវិទ្យា នៃមន្ទីរពេទ្យកុមារអង្គរ។ លោកវេជ្ជបណ្ឌិត បានបន្តថា «ហើយវាមិនមែនជារឿងងាយនោះទេ ប្រសិនបើយើងចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនខ្មែរនោះ ដូច្នេះមានតែយើងត្រូវរួបរួមគ្នា ដើម្បីការពារភាពសុំានៃថ្នាំផ្សះ ដោយបន្តការអប់រំ ដល់ប្រជាពលរដ្ឋ។ ហើយអ្នកដែលគួរចាំផ្តើមពីពេលនេះទៅ មានក្រុមគ្រូពេទ្យ រដ្ឋាភិបាល និងប្រជាជនខ្លួនឯងផ្ទាល់តែម្តង»។

ការពិតទៅ ថ្នាំផ្សះ ឬថ្នាំសំលាប់មេរោគ គឺជាឱសថ ដែលគេប្រើសម្រាប់សម្លាប់មេរោគ ដែលបង្កដោយបាក់តេរី។ ថ្នាំនេះ វានឹងលែងមានប្រសិទ្ធិភាព ប្រសិនបើមានការប្រើប្រាស់ខុសពីវេជ្ជបញ្ញា។ លោកវេជ្ជបណ្ឌិត មីលីយ៉ា ធីល បានពន្យល់ថា «ប្រសិនបើការប្រើប្រាស់មិនត្រឹមត្រូវ ដូចជា ប្រើដោយគ្មានការប្រឹក្សាយោបល់ពីគ្រូពេទ្យជាមុន ប្រើមិនគ្រប់បរិមាណរបស់វា ប្រើមិនត្រូវចំប្រភេទជំងឺ ឬ ប្រើក្នុងរយៈពេលមិនសមស្រប នោះឥទ្ធិពលនៃថ្នាំផ្សះ នឹងគ្មានប្រសិទ្ធិភាព ហើយរឹតតែបង្កឱ្យមានមេរោគផ្សេងទៀត សុំាំនឹងថ្នាំ ដែលធ្វើឱ្យអ្នកជំងឺត្រូវព្យាបាលជាមួយថ្នាំផ្សះដែលមានតំលៃថ្លៃ សម្រាកពេទ្យយូរថ្ងៃ ដែលនាំអោយខាតបង់ទាំងពេលវេលា និងថវិកា»។

លោកវេជ្ជបណ្ឌិត ធីល បានកត់សម្គាល់ឃើញថា នៅក្នុងប្រទេសកម្ពុជា ប្រជាជនទូទៅភាគច្រើន ឬសូម្បីតែអ្នកលក់ថ្នាំមួយចំនួន បានយល់ច្រឡំពីការប្រើប្រាស់ថ្នាំផ្សះ។ អាណាព្យាបាលខ្លះ បានទិញថ្នាំផ្សះ ឱ្យកូនៗរបស់ខ្លួនលេប ទាំងគ្មានវេជ្ជបញ្ជាក្នុងដៃ ដោយគ្រាន់តែកូនក្មេងនោះ មានអាការៈគ្រុនក្តៅ ផ្តាសាយ ឬរាគ។ ពួកគេ បានយល់ថា ថ្នាំផ្សះ អាចធ្វើឱ្យឆាប់ជាសះស្បើយជាងប្រភេទថ្នាំដទៃទៀត។

ការប្រើប្រាស់ថ្នាំផ្សះ ដោយមិនបានយកចិត្តទុកដាក់ នៅតែជាកង្វល់មួយ សម្រាប់ប្រព័ន្ធសុខាភិបាលកម្ពុជា។ ដូច្នេះហើយ ដើម្បីចូលរួមកាត់បន្ថយភាពអវិជ្ជមាននេះ ក្រុមស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យកុមារអង្គរ បានព្យាយាមធ្វើការប្រមូលទិន្នន័យផ្សេងៗ ទាក់ទងនឹងប្រភេទជំងឺ ដែលទាមទារឱ្យប្រើប្រាស់ថ្នាំសម្លាប់មេរោគ ដើម្បីចងក្រងជាឯកសារ ហើយបង្កើតជាកម្មវិធីមួយ នៅលើប្រព័ន្ធអ៊ីនធឺណេត ដែលហៅថា “MicroGuide”។ កម្មវិធីនេះ ត្រូវបានបើកឱ្យទាញយកទៅប្រើប្រាស់ដោយសេរី លើបណ្តាញទូរស័ព្ទស្មាតហ្វូន។ លើសពីនេះ ក្រុមស្រាវជ្រាវនៃមន្ទីរពេទ្យកុមារអង្គរ បានកំពុងបន្ត និង សហការជាមួយក្រសួងសុខាភិបាល ក្នុងក្រុមការងារទប់ស្កាត់ភាពស៊ាំនឹងឪសថប្រឆាំងមេរោគ តាមរយះប្រព័ន្ធតាមដានភាពសុំានៃមេរោគ (surveillance system) ដើម្បីឲ្យប្រាកដពីតួនាទីនៃការប្រើប្រាស់ថ្នាំផ្សះ។

ជាមួយគ្នានោះដែរ មន្ទីរពេទ្យ បានដំណើរការសកម្មភាពដឹកនាំឪសថប្រឆាំងមេរោគ (Antibiotic stewardship program) ដែលមានការចូលរួមពីក្រុមគ្រូពេទ្យ ក្នុងការជ្រើសរើសថ្នាំសម្លាប់មេរោគឲ្យសមហេតុផល ។ មន្ទីរពេទ្យកុមារអង្គរ នៅតែបន្តចូលរួមគ្រប់សកម្មភាពដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំផ្សះ។ ហើយនៅខែធ្នូ ខាងមុខ ក្រុមការងារជំនាញរបស់មន្ទីរពេទ្យ នឹងធ្វើបទបង្ហាញមួយ ដើម្បីអប់រំដល់ប្រជាពលរដ្ឋទូទៅ ទាក់ទងទៅនឹងប្រសិទ្ធិភាពនៃថ្នាំផ្សះ ក្នុងវេទិកាតុកាហ្វេវិទ្យាសាស្ត្រ។

សូមចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ថ្នាំផ្សះទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅ!

Share Button