I want to go back

ទាយិកាម្នាក់ រួចជីវិតពីជំងឺតេតាណុស បន្ទាប់ពីទទួលការព្យាបាលជាង ១ខែក្នុងមន្ទីរពេទ្យកុមារអង្គរ

ជំងឺតេតាណុសលើទារក បានកើតមានភាគច្រើន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ តួយ៉ាងដូចជាប្រទេសកម្ពុជាជាដើម។ ទារកដែលឆ្លងជំងឺនេះ ភាគច្រើនគឺប្រឈមនឹងការស្លាប់! យ៉ាងណាមិញ វាជារឿងដ៏កម្រមួយ ដែលទាយិកាម្នាក់ ឈ្មោះ*មាន បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីបានមកទទួលការព្យាបាលជាង ១ខែក្នុងមន្ទីរពេទ្យកុមារអង្គរ។ មិនត្រឹមតែរួចផុតពីសេចក្តីស្លាប់ ដោយសារជំងឺតេតាណុសនោះទេ ប៉ុន្តែទាយិកា*មាន ថែមទាំងមានសុខភាពល្អ ត្រលុកត្រលន់ ហើយឡើងគីឡូទៀតផង។

រឿងរ៉ាវរបស់ទាយិកា មាន៖

*មាន គឺជាទាយិកាម្នាក់ ដែលបានកើតឡើងនៅក្នុងក្រុមគ្រួសារខ្មែរម៉ូស្លីមក្រីក្រមួយ រស់នៅក្នុងភូមិបណ្តែតទឹក នាខេត្តបាត់ដំបង។ កើតបានតែប៉ុន្មានថ្ងៃ *មាន បានចេញអាការៈអវិជ្ជមានមួយចំនួន ដូចជា ប្រកាច់ ក្តៅខ្លួនខ្លាំង ភ្នែកវិល ខ្លួនឡើងព័ណ៌ស្វាយ ហើយមិនអាចបៅដោះម្តាយបាន។

ម្តាយរបស់*មាន ព្រួយបារម្ភជាខ្លាំង ហើយបាននាំនាងទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ក្រុមគ្រូពេទ្យនៅទីនោះ បានខ្នះខ្នែងជួយដល់*មាន ជាខ្លាំង ប៉ុន្តែអាការៈរបស់នាង ហាក់មិនបានធូរស្បើយសោះ។ ៤ថ្ងៃក្រោយមក ក្រុមគ្រូពេទ្យនៅទីនោះ បានណែនាំក្រុមគ្រួសាររបស់*មាន ឲ្យបញ្ជូននាងមកកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទទួលយកសេវាព្យាបាលដោយអ្នកជំនាញផ្នែកទារក។ (*មន្ទីរពេទ្យកុមារអង្គរ ត្រូវបានទទួលស្គាល់ ថាជាមន្ទីរពេទ្យដែលមានជំនាញផ្នែកថែទាំទារកជាងគេ ក្នុងប្រទេសកម្ពុជា។) ពួកគេ បានជួយរៀបចំបញ្ជូន*មាន តាមរថយន្តសង្គ្រោះបន្ទាន់ មកកាន់មន្ទីរពេទ្យកុមារអង្គរ ខណៈដែលម្តាយរបស់*មាន មិនដែលធ្វើដំណើរមកកាន់ខេត្តសៀមរាបពីមុនផងនោះ។

ក្រោយពីបានមកដល់មន្ទីរពេទ្យកុមារអង្គរ ក្រុមគ្រូពេទ្យជំនាញផ្នែកថែទាំទារករបស់មន្ទីរពេទ្យ បានពិនិត្យ និងធ្វើរោគវិនិច្ឆ័យយ៉ាងម៉ត់ច្មត់ ហើយជូនដំណឹងទៅក្រុមគ្រួសាររបស់នាងថា *មាន បានឆ្លងជំងឺតេតាណុស ដែលទាមទារឲ្យមានការព្យាបាល និងថែទាំកម្រិតខ្ពស់បំផុត។

លោក ជា ផល ប្រធានផ្នែកថែទាំទារក បានទទួលស្គាល់ថា អាការៈរបស់*មាន ធ្ងន់ធ្ងរខ្លាំង ដែលពិបាកក្នុងការជួយសង្គ្រោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកមិនបានបោះបង់នោះទេ ថែមទាំងបានផ្តល់ក្តីសង្ឃឹមទៅកាន់គ្រួសាររបស់ទាយិកានេះថា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាយិកាកំសត់នេះ។

បុគ្គលិកជំនាញ ផ្នែកទារក និងផ្នែកសង្គមកិច្ចនៃមន្ទីរពេទ្យកុមារអង្គរ បានធ្វើការជាមួយគ្នាយ៉ាងសកម្ម ដើម្បីផ្តល់នូវការព្យាបាល និងថែទាំ ប្រកបដោយវិជ្ជាជីវៈដល់ទាយិកា *មាន ។ លើសពីនេះ ពួកគេក៏បានផ្តល់ការគាំទ្រ សម្រាប់ការស្នាក់ នៅក្នុងខេត្តសៀមរាប ដល់ក្រុមគ្រួសាររបស់*មាន ផងដែរ។ វេជ្ជបណ្ឌិតជំនាញ បានចាប់ផ្តើមព្យាបាល*មាន ដោយការស៊កទុយោ ជួយសង្គ្រោះផ្លូវដង្ហើម ដើម្បីអាចឲ្យសួតរបស់នាងទទួលខ្យល់ចេញចូលបាន និងអាចកាត់បន្ថយអាការៈប្រកាច់។

ជារៀងរាល់ថ្ងៃ ក្រុមគ្រូពេទ្យ មិនដែលធ្វេសប្រហែសក្នុងការថែទាំ *មាន នោះទេ។ ដូច្នេះហើយ ទើបទាយិកាតូចនេះ មិនមានឆ្លងរោគអ្វីផ្សេង ហើយរាងកាយរបស់នាងបានទទួលយកការព្យាបាល ១០០ភាគរយ។ ក្រោយការសម្រាកពេទ្យជាង ១ខែ *មាន ក៏ចាប់ផ្តើមជាសះស្បើយ លែងប្រកាច់ ខ្លួនឈប់ឡើងព័ណ៌ស្វាយ អាចមឹមទឹកដោះម្តាយបាន និងមានអាការៈដូចកូនង៉ែតទូទៅវិញ។

លោក ផល បានបញ្ជាក់ឲ្យដឹងថា ការមិនបានចាក់វ៉ាក់សាំងការពារជំងឺតេតាណុស អំឡុងពេលស្ត្រីមានផ្ទៃពោះ គឺជាការហនិភ័យមួយ ដល់ទារកក្នុងផ្ទៃ៖ «ពេលដែលម្តាយមិនបានចាក់វ៉ាក់សាំងការពារជំងឺតេតាណុស អំឡុងពេលមានផ្ទៃពោះ ទារកក្នុងផ្ទៃ ប្រាកដជាប្រឈមនឹងការឆ្លងជំងឺតេតាណុសជាមិនខាន។ ក្រៅពីនោះ ការសម្រាលកូនដោយឆ្មបបុរាណនៅផ្ទះ ក៏ជាបញ្ហាប្រឈមដល់សុខភាពទារកផងដែរ។ ការឆ្លងជំងឺតេតាណុស អាចកើតឡើងក្នុងអំឡុងពេលដែលឆ្មបបានយកឧបករណ៍ដោយមិនបានសម្អាតត្រឹមត្រូវ ដូចជា កន្ត្រៃ មកកាត់ទងផ្ចិតទារក។ ឧបករណ៍មិនស្អាត ធ្វើឲ្យមានបាក់តេរីឆ្លងចូលក្នុងរាងកាយទារក។ កត្តាទាំងនេះ យើងបានឃើញច្រើននៅក្នុងមន្ទីរពេទ្យកុមារអង្គរ។»

ដើម្បីចៀសវាង កុំឲ្យមានជំងឺតេតាណុសលើទារក លោក ផល បានរម្លឹកឲ្យស្ត្រីដែលត្រៀមខ្លួនជាម្តាយ ត្រូវតែទទួលយកការចាក់វ៉ាក់សាំងការពារមេរោគតេតាណុស ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ហើយត្រូវតែសម្រាលកូន ជាមួយនឹងគ្រូពេទ្យជំនាញ ក្នុងមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ព្រោះថាមានតែនៅទីនោះទេ ទើបពួកគេអាចទទួលបានឧបករណ៍វេជ្ជសាស្ត្រ ដែលប្រកបដោយគុណភាព និងអនាម័យ។ លោក ផល ក៏បានសំណូមពរឲ្យម្តាយទាំងអស់ គួរតែអនុវត្តអនាម័យ ក្នុងការថែទាំសុខភាពឲ្យបានល្អ ដូចជាមិនត្រូវយកថ្នាំខ្មែរ ដាក់លើផ្ចិតកូនង៉ែត មិនត្រូវឆ្អើរភ្លើង មិនត្រូវផឹកស្រាស ។ល។ ទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាលរួច ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពទារក និងមាតា។

សូមបញ្ជាក់ថា ជំងឺតេតាណុស ត្រូវបានប្រកាសជាផ្លូវការ ថាបានលុបបំបាត់ទាំងស្រុង ពីប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៦។ យ៉ាងណាក៏ដោយ មន្ទីរពេទ្យកុមារអង្គរ នៅតែទទួលបានករណីនេះមួយចំនួន ក្នុងឆ្នាំ ២០១៧នេះ។ កាលពីឆ្នាំ ២០១៦ មន្ទីរពេទ្យកុមារអង្គរ បានទទួលករណីជំងឺតេតាណុសលើទារកចំនួន ៤ ដោយក្នុងនោះក្រុមគ្រូពេទ្យជំនាញ បានសង្គ្រោះជិវិតទារកចំនួន ២នាក់ ខណៈទារក ២នាក់ទៀត ត្រូវស្លាប់ ដោយសារតែមានអាការៈធ្ងន់ធ្ងន់ខ្លាំង មិនឆ្លើយតបនឹងការព្យាបាល។

យើងសូមថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យជំនាញផ្នែកថែទាំទារករបស់មន្ទីរពេទ្យកុមារអង្គរ ដែលបានប្រឹងប្រែងជួយសង្គ្រោះជីវិតទារក ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងផ្តល់ការថែទាំ ដោយក្តីមេត្តាករុណា៕

* ឈ្មោះអ្នកជំងឺត្រូវបានប្តូរ ដោយហេតុផលរក្សាការសម្ងាត់ឯកជន!

Share Button