ស្វែងយល់ពីកុមារ ដែលត្រូវគ្រួសារយកមកបោះបង់ចោល ក្នុងមន្ទីរពេទ្យកុមារអង្គរ រយៈពេល៥ឆ្នាំនេះ » Angkor Hospital for Children

I want to go back

ស្វែងយល់ពីកុមារ ដែលត្រូវគ្រួសារយកមកបោះបង់ចោល ក្នុងមន្ទីរពេទ្យកុមារអង្គរ រយៈពេល៥ឆ្នាំនេះ

ក្រុមការងារផ្នែកសង្គមកិច្ចនៃមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៦ មានកុមារចំនួន ៤៣នាក់ ត្រូវបានក្រុមគ្រួសារ សាច់ញាតិ ឬអាណាព្យាបាល យកមកបោះបង់ចោល ដោយផ្ទាល់ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ តាមរយៈស្ថិតិនេះ បានបង្ហាញឲ្យឃើញថា ក្នុងមួយឆ្នាំៗ មានកុមារចំនួន ប្រហែល ២០នាក់ ត្រូវបានបោះបង់ចោល។

ប្រធានផ្នែកសង្គមកិច្ចនៃមន្ទីរពេទ្យកុមារអង្គរ លោក ឌីម សុភារិន បានឲ្យដឹងថា កុមារដែលត្រូវគ្រួសារបោះបង់ចោល អាចប្រឈមនឹងបញ្ហាជាច្រើន ហើយពួកគេទាមទារឲ្យមានការថែទាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត ខ្ពស់ជាងកុមារដែលរស់នៅជាមួយក្រុមគ្រួសារ។ តាមលោកសុភារិន កុមារដែលត្រូវបោះបង់ចោល អាចទទួលហនិភ័យ ដល់ថ្នាក់ស្លាប់បាត់បង់ជីវិត អាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ព្រមទាំងមានពិការភាព ប្រសិនបើពុំទទួលបានសេវាសុខភាពពីមជ្ឈដ្ឋានខាងក្រៅនោះទេ។ លើសពីនេះ កុមារទាំងនោះ ក៏អាចប្រឈមនឹងស្ថានភាពសង្គមងងឹត ដូចជាការជួញដូរកម្លាំងពលកម្ម ឬ ផ្លូវភេទ អាចក្លាយទៅជាកុមារសុំទាន អនាថា សេពគ្រឿងញៀន និងអាចប្រទះនឹងបញ្ហាជាច្រើនផ្សេងៗទៀត។

ក្រុមការងារផ្នែកសង្គមកិច្ច បានសង្កេតឃើញថា កត្តាដែលធ្វើឲ្យគ្រួសារ ដាច់ចិត្តបោះបង់ចោលសាច់ញាតិបង្កើតរបស់ខ្លួន កើតឡើងដោយសារបញ្ហាចម្បងជាច្រើន រួមមាន ភាពក្រីក្រ ជំនឿ ការមានកូនខុសពីផែនការ វិបត្តិក្នុងគ្រួសារ ដូចជាអំពើហិង្សា ឬ ការលែងលះ និងការយល់ខុសពីសំណាក់សាច់ញាតិ ដែលថាការយកកូនទៅដាក់ក្នុងមណ្ឌលកុមារកំព្រា ប្រសើរជាងការចិញ្ចឹមខ្លួនឯង។ លោក ឌីម សុភារីន បាននិយាយថា ៖ «គ្រួសារខ្លះ ដែលយើងបានធ្វើការជាមួយ គឺគាត់យកកូនមកបោះបង់ចោល ដោយសារតែគាត់ជឿលើជំនឿថាកូននោះ នឹងនាំចង្រៃដល់គ្រួសារ ឬដល់អ្នកភូមិ ព្រោះកូននឹងកើតមកមិនប្រក្រតី ដូចជាមានជំងឺរុំារៃ ឬពិការភាពជាដើម។ ហើយគ្រួសារខ្លះ គាត់ក៏ធុញទ្រាន់នឹងការមើលជំងឺរបស់កូននឹង ដែលមិនចេះជាសោះ ដូច្នេះទើបគាត់យកមកចោលក្នុងមន្ទីរពេទ្យ ដោយសង្ឃឹមថា ពេទ្យនឹងមើលថែកូនចៅគាត់ ឲ្យបានល្អជាងគាត់។»

ផ្នែកសង្គមកិច្ចនៃមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា បន្ទាប់ពីជួបក្មេ ងដែលត្រូវបោះបង់នោះហើយ ដំណាក់កាលដំបូង គឺក្រុមការងារត្រូវពិនិត្យថែទាំសុខភាពកុមារនោះសិន ហើយបើមានជំងឺ គឺត្រូវព្យាបាលភ្លាមៗ។ បន្ទាប់មក មន្ទីរពេទ្យ នឹងផ្តល់អ្នកថែទាំ ព្រមទាំងព្យាយាមស្វែងរកសាច់ញាតិ។ ប្រសិនបើរកសាច់ញាតិឃើញ ក្រុមការងារនឹងព្យាយាមពន្យល់គ្រួសារនោះ ឲ្យទទួលយកក្មេងវិញ ក្រោមការបន្តជួយគាំទ្រ ឧបត្ថម្ភ និងតាមដានរយៈពេល ៣ឆ្នាំ ពីផ្នែកសង្គមកិច្ចនៃមន្ទីរពេទ្យកុមារអង្គរ។ ប៉ុន្តែបើរកមិនឃើញ ឬ គ្រួសារខ្លះ រកឃើញហើយ ប៉ុន្តែជំទាស់ដាច់ខាតមិនព្រមទទួលយកក្មេងវិញ នោះក្រុមការងារ នឹងបញ្ជូនក្មេងទៅរស់នៅជាមួយអង្គការដៃគូ ដើម្បីធ្វើការថែទាំបណ្តោះអាសន្ន រួចហើយបន្តការស្វែងរកគ្រួសារ ឬជំនួបគាំទ្រ ក្នុងករណីដែលគាត់បដិសេធនមិនទទួលយកកូនរបស់គាត់ត្រឡប់ទៅវិញ ។ ហើយនៅពេលដែលគ្រួសារត្រូវបានរកឃើញ ឬ គ្រួសារមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនរបស់គាត់ហើយ ក្រុមការងារនឹងធ្វើការបញ្ជូនកូនរបស់គាត់ត្រឡប់ទៅរកគ្រួសារវិញ និងបន្តការតាមដានរយៈពេល ៣ ឆ្នាំ ផងដែរ ។

លោកសុភារិន បង្ហើបបន្ថែមថា «គ្រួសារខ្លះ គាត់មិនទទួលយកតែម្តង ដោយសារគាត់នៅតែគិតរឿងជំនឿ ហើយគ្រួសារខ្លះ ទោះបីជាគេទទួលយក ក៏យើងត្រូវតែបន្តតាមដានរហូតដល់៣ឆ្នាំដែរ ដើម្បីឲ្យប្រាកដថាតើក្មេងនោះទទួលបានភាពកក់ក្តៅពិតប្រាកដទេ មានសុខភាពល្អទេ ហើយសំខាន់គឺក្មេងនោះនឹងមិនត្រូវបានយកទៅបោះបង់ចោលម្តងទៀតទេ»។

Share Button