I want to go back

វេជ្ជបណ្ឌិតជំនាញ បានផ្តល់ដំបូន្មានថា ការដួលបុកពោះនឹងដៃកង់ អាចធ្វើឲ្យកុមារមានជំងឺគីសក្នុងលំពែង!

គីសក្នុងលំពែង គឺជាប្រភេទជំងឺមួយ ដែលកម្រឃើញកើតមាន ចំពោះកុមារ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ! ប៉ុន្តែប្រសិនបើមន្ទីរពេទ្យ បានប្រទះឃើញ គឺភាគច្រើនជំងឺនេះ តែងតែកើតឡើង បន្ទាប់ពីកុមារ បានជួបប្រទះនឹងគ្រោះថ្នាក់ដួលកង់ ហើយដៃកង់ បានបុកពោះរបស់ពួកគេ។

កាលពីឆ្នាំ ២០១៦ មន្ទីរពេទ្យកុមារអង្គរ បានទទួលព្យាបាលកុមារចំនួន ៣នាក់ ដែលមានជំងឺគីសក្នុងលំពែង។ លោកវេជ្ជបណ្ឌិត សរ វុឌ្ឍី ប្រធានផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា «កុមារដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ បានត្អូញត្អែរ ពីការឈឺចុកពោះ បន្ទាប់ពីពួកគេបានដួលកង់ ហើយបុកពោះទៅនឹងដៃកង់»។

ក្រៅពីអាការៈឈឺចុកក្នុងពោះ អ្នកជំងឺ ក៏មានរោគសញ្ញាផ្សេងទៀត ដូចជា ការហើមពោះ រកក្អួតចង្អោរ ឬ ក្អួតចង្អោរឥតឈប់ឈរ មិនអាចញុំាអាហារបាន ស្រកទម្ងន់ និងក្តៅខ្លួន។ ដើម្បីបញ្ជាក់ចំពោះអាការៈទាំងនេះ ជាទូទៅ វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកុមារអង្គរ តែងតែស្នើសុំឲ្យអ្នកជំងឺឆ្លុះអេកូ។

លោកវេជ្ជបណ្ឌិត វុឌ្ឍី មានប្រសាសន៍ថា «ប្រសិនបើយើងឃើញថាមានគីស ក្នុងលំពែង របស់អ្នកជំងឺហើយនោះ គឺយើងនឹងសំណូមពរគ្រួសាររបស់គាត់ ដើម្បីធ្វើការវះកាត់។ ប៉ុន្តែមិនមែនគ្រប់អ្នកជំងឺទាំងអស់ សុទ្ធតែត្រូវការការវះកាត់នោះទេ។ ប្រសិនបើករណីនោះ មិនមានគ្រោះថ្នាក់ខ្លាំង មានន័យថា នៅស្រាលនៅឡើយ ហើយអ្នកជំងឺ មិនឈឺចាប់ខ្លាំងនោះ យើងអាចឲ្យពួកគេទទួលការព្យាបាល តាមរយៈការប្រើប្រាស់ថ្នាំ ហើយត្រូវមានការតាមដានជាក់លាក់»។

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារអង្គរ បានរម្លឹក ដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ គួរមានការប្រុងប្រយ័ត្ន ចំពោះកូនៗ និងគួរតែតាមដានឲ្យបានជាប់លាប់ ប្រសិនបើពួកគេមានការឈឺពោះ ជាពិសេសគឺឈឺពោះក្រោយពេលដួលបុកទៅនឹងអ្វីមួយ ដូចជាដៃកង់ជាដើម។ សូមបញ្ជាក់ថា ជំងឺគីសក្នុងលំពែង កម្រនឹងធ្វើឲ្យអ្នកជំងឺស្លាប់ណាស់ ប៉ុន្តែជំងឺនេះ ដាច់ខាតត្រូវមានការព្យាបាល!

Share Button