Skip to content
COVID-19 Appeal: We need your help to continue treating the most vulnerable. Donate now.

សិក្ខាកាម៣រូបនៃកម្មវិធីអប់រំសុខភាព របស់មន្ទីរពេទ្យកុមារអង្គរ ជួយសង្គ្រោះបឋមកុមារ៤រូប

AHC News, Education

មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលបង្កើតឡើងក្នុងគោលបំណងដើម្បីពិនិត្យព្យាបាលកុមារដោយមិនគិតកម្រៃនិងប្រកបដោយគុណភាពខ្ពស់និងមេត្តាករុណាចាប់តាំងពីឆ្នាំ១៩៩៩។ ក្រៅពីការពិនិត្យព្យាបាល មន្ទីរពេទ្យក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធិជាទីបំផុតនៅក្នុងសហគមន៍ សាលារៀនក្នុងការផ្តល់ការអប់រំអំពីសុខភាពដោយដើរស្របទៅតាមបាវចនា ព្យាបាល អប់រំ និងការពារ។

តាមរយៈទិន្នន័យមន្ទីរពេទ្យកុមារអង្គរ ចំនួនជំងឺដែលមកពិនិត្យព្យាបាលគឺជាជំងឺដែលអាចការពារបានក្នុងនោះមានដូចជាជំងឺរាក ជំងឺផ្លូវដង្ហើម និងការឆ្លងរោគផ្សេងៗទៀត។

បងស្រីគង់ ណារ៉ូ ប្រធានផ្នែកសុខភាពសហគមន៍នៃមន្ទីរពេទ្យកុមារអង្គរ និងជាបុគ្គលិកមន្ទីរពេទ្យកុមារអង្គររយៈពេល២០ឆ្នាំមានប្រសាសន៍ថា

“គម្រោងសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរបង្កើតឡើងដើម្បីផ្តល់ការអប់រំសុខភាពនិងលើកម្ពស់សុខភាពដល់សហគមន៍ដើម្បីកាត់បន្ថយអត្រាឈឺធ្ងន់និងអត្រាស្លាប់របស់មាតានិងកុមារ”

Ms. Kong Naro – Director of Community Health
Ms. Kong Naro enthusiastically gives interview with us

ជាក់ស្តែង គម្រោងកសាងសមត្ថភាពនិងអប់រំសុខភាពសាលារៀនដែលជាគម្រោងមួយក្នុងចំណោមគម្រោងទាំងបួនរបស់ផ្នែកសុខភាពសហគមន៍នៃមន្ទីរពេទ្យកុមារអង្គរ បានចុះបង្រៀនគ្រូនៅតាមសាលារៀនគោលដៅអំពីការសង្គ្រោះបឋម ការថែទាំសុខភាពភ្នែក មាត់ធ្មេញ និងអនាម័យដល់សិស្សានុសិស្សបឋមសិក្សា។ ក្នុងឆ្នាំ២០១៩មានសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះចំនួន៦៥៩នាក់ ដោយថ្មីៗនេះសិក្ខាកាមចំនួន៣រូបបានប្រើប្រាស់ការសិក្សាដែលទទួលបានពីវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ជួយដល់កុមារចំនួន៤នាក់នៅក្នុងសហគមន៍និងសាលារៀនឲ្យរួចផុតពីឧបត្តិវហេតុដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត។

ជួបជាមួយលោកគ្រូអ្នកគ្រូវីរបុរស

លោកគ្រូតុង ខុន នាយករងនៃសាលាបឋមសិក្សាខ្ចាស់ ក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប បានចូលរួមវគ្គបណ្តុះបណ្តាលចំនួនពីរលើក គឺការថែទាំភ្នែក និងការសង្គ្រោះបឋម។ លោកគ្រូខុន បានជួបហេតុការណ៍ដោយកូនក្មេង ធ្លាក់ពីលើផ្ទះសន្លប់ ហើយបានសង្គ្រោះតាមរយៈការធ្វើចលនាបេះដូង។

“ថ្ងៃនោះចៃដន្យ ខ្ញុំបានទៅលេងផ្ទះ ហើយបានជួយសង្គ្រោះក្មួយរបស់ខ្លួនឯង ដោយប្រើប្រាស់ការរៀនថ្មីៗដើម្បីជួយសង្គ្រោះភ្លាមៗហើយការសង្គ្រោះនោះទទួលបានជោគជ័យ ”

Tung Khun

អ្នកគ្រូ សាយ សុគន្ធា នាយកសាលាបឋមសិក្សាថ្លាត។ អ្នកគ្រូបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋមក្នុងឆ្នាំ២០១៨ ហើយបានយកការសិក្សានោះដើម្បីការជួយសង្គ្រោះកូនសិស្សម្នាក់ដោយស្លាក់គម្របប៊ិច ក្នុងពេលសិក្សា។​

“ក្មេងហ្នឹង ចាប់បំពង់ក ចេះតែខ្វេះមាត់ ហើយមានឈាមបន្តិច ។ អ្នកគ្រូបង្រៀនឃើញ មានការភ័យខ្លាច​ មិនដឹងធ្វើយ៉ាងម៉េច ក៏រត់មកហៅខ្ញុំនៅក្នុងទីចាត់ការ។ ខ្ញុំរត់ទៅដល់ឃើញសកម្មភាពក្មេង ខ្ញុំក៏សន្និដ្ឋានថាគាត់ស្លាក់អ្វីមួយ ហើយក៏នឹកឃើញការសិក្សាសង្គ្រោះបឋម ដោយការស្លាក់ ”

Say Sokunthea

លោកគ្រូមួយរូបទៀត បង្រៀននៅសាលាបឋមសិក្សាចំរើនរដ្ឋឈ្មោះ ប៉ាត ពៅបានលើកឡើងថាកុមារតូចៗចូលចិត្តហូបស្ករគ្រាប់ ហើយមានការស្លាក់ជាញឹកញាប់។ លោកគ្រូ ពៅបានរៀបរាប់ទាំងទឹកមុខរីករាយក្រោយពីបានជួយសង្គ្រោះកុមារពីរនាក់ពីការស្លាក់ស្ករ ដែលក្នុងនោះមានម្នាក់ជាកូនប្រុសផ្ទាល់របស់ខ្លួន និងម្នាក់ទៀតជាកូនសិស្សក្នុងថ្នាក់រៀន។

“ វាស្លាក់ស្ករគ្រាប់ ស្រែកអត់លឺទេ ដោយបានតែអោន។ ដំបូងខ្ញុំមិនដឹងថាជាអី តែពេលមើលឃើញសំបកស្ករគ្រាប់ទើបដឹងថាស្លាក់ដោយសារស្ករ។ ខ្ញុំចាប់គក់ខ្នង ហើយច្របាច់ដើមទ្រូងតិចៗចំនួន៥ដង ទើបធ្លាក់ស្ករហើយយំឮវិញ”

Pat Pov

លោកគ្រូពៅ អ្នកគ្រូសុគន្ធា និងលោកគ្រូខុន មានអារម្មណ៍សប្បាយចិត្តដោយបានចូលរួមវគ្គបណ្តុះបណ្តាល ហើយដឹងពីវិធីសាស្ត្រជួយសង្គ្រោះកុមារដោយជោគជ័យនៅពេលមានហេតុការណ៍នៅក្នុងសាលារៀនក្តីនិងក្នុងសហគមន៍ពួកគាត់ក្តី។

ការជួយសង្គ្រោះបឋមទាំងនេះសបញ្ជាក់ឲ្យឃើញពីសារៈសំខាន់នៃការងាររបស់ផ្នែកអប់រំសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរទៅកាន់សហគមន៍ និងសាលារៀនក្នុងការអប់រំ និងការពារអ្នកជំងឺមុនពេលឈានជើងមកកាន់មន្ទីរពេទ្យដើម្បីទទួលសេវាពិនិត្យព្យាបាល។