fbpx Skip to content
Compassionate healthcare and purposeful innovation for Cambodia’s children

មន្ទីរពេទ្យកុមារអង្គរ រៀបពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ តាមប្រព័ន្ធអនឡាញ ជាលើកដំបូង

In the Press

[Read In English]

ការសង្គ្រោះជីវិតកុមារ ការផ្ដល់សេវាពិនិត្យព្យាបាល ថែទាំដោយក្ដីមេត្តាករុណា និងប្រកបដោយគុណភាព គឺជាគោលការណ៍ចំបងដែលមន្ទីរពេទ្យកុមារអង្គរ តែងតែអនុវត្តន៍ជាប់ជាប្រចាំអស់រយៈពេលជាង២០កន្លងមកហើយ។  ដោយសារវិបត្តនៃជំងឺកូវីដ១៩នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរបានទទួលរងការប៉ះពាល់គួរឱ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តិទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ដំណើរការប្រតិបត្តិមួយចំនួនថែមទៀតផង។មន្ទីរពេទ្យកុមារអង្គរ បានសម្របខ្លួននៅក្នុងបរិបទថ្មី គ្រោងរៀបចំប្រារព្ធពិធី “បុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨” ដើម្បីកៀរគរមូលនិធិជួយដល់មន្ទីរពេទ្យ តាមប្រព័ន្ធអនឡាញ ជាលើកដំបូងក្នុងកំឡុងពេលដ៏លំបាកនេះ។ ពិធីនឹងប្រព្រឹត្តិទៅមានពីរវគ្គ ដែលវគ្គទីមួយ គឺជាកម្មវិធីសម្តែងព្រះធម៌​ទេសនាជាធម្មទាន និងជាការផ្សព្វផ្សាយដំណឹង​របស់ពិធីបុណ្យតាមប្រព័ន្ធអនឡាញ ដោយធម្មកថិកល្បីៗទាំងក្នុង និងក្រៅប្រទេស នៅក្នុងបណ្តាញ​សង្គមហ្វេសប៊ុកមន្ទីរពេទ្យកុមារអង្គរ ចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ ព្រឹករៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ ទី១៣ដល់២៨ សីហា ២០២១ ជាមួយនឹង​ប្រធានបទល្អៗ ខុសៗគ្នា នៅមុនថ្ងៃពិធី​បុណ្យ។​ ចំពោះពិធីបុណ្យ គឺជាវគ្គទី២ គ្រោងនឹង​ប្រព្រឹត្តិ​ទៅនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ ដោយអ្នកចូលរួមមាន​ចំនួនកំណត់ ឲ្យស្របទៅនឹងវិធាន​ការណ៍ការពារនៃការចម្លងជំងឺកូវីត១៩ និងធ្វើឡើងនៅក្នុងបរិវេណរង់ចាំនៃមន្ទីរពេទ្យ​កុមារអង្គរ ខេត្តសៀមរាប ក្នុងនោះ​មានកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត និងកម្មវិធីសម្តែងព្រះធម្មទេសនាដោយធម្មកថិក​ចំនួន ៧ អង្គឆ្លង​ឆ្លើយ​អំពី “អរិយទ្រព្យ ៧ ប្រការ” ជាកិច្ចបង្ហើយបុណ្យ។

​ដោយមើលឃើញពីផលលំបាកដែលមន្ទីរពេទ្យកុមារអង្គរជួបប្រទះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភានៃព្រះពុទ្ធសាសនានៅព្រះជាណាចក្រកម្ពុជា និង ជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប និងព្រះមន្ត្រីសង្ឃជាច្រើនអង្គ រួមទាំងពុទ្ធបរិស័ទ និងបណ្តាស្ថាប័ន ក្រុមហ៊ុនជាច្រើន បានសម្រេចចិត្តចូលរួមជាអ្នកផ្តើមបុណ្យ​ សាមគ្គីគ្នាជួយផ្សព្វ​ផ្សាយ រៀបចំពិធី និងកៀរគប្រមូលថវិកាតាមរយៈបណ្តាញទំនាក់ទំនងរបស់ខ្លួន ដោយមិនមានលក្ខខណ្ឌ។ មន្ទីរពេទ្យកុមារអង្គរពិតជាមានសេចក្តីសោមន្សយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តនិងការលះបង់ជាបន្តទៀតរបស់សប្បុរសជននិងអ្នកផ្តើមបុណ្យទាំងអស់។

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group of Companies) ក៏ដូចជាក្រុមហ៊ុនប្រតិបត្តិ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត នឹងសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយ និងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។ លោកជំទាវ ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក ដែលឆ្នាំនេះគឺជាលើកទីពីររហើយសម្រាប់ការចូលរួមជាអ្នកផ្តើមបុណ្យ លោកជំទាវមានប្រសាសន៍បង្ហាញអំពីទឹកចិត្តដូច្នេះថា “ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្មណ៍គ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺនិងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។ ហេតុដូចច្នេះហើយ ការ​ផ្តួចផ្តើម​ប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ វានឹងអាចជួយដល់មន្ទីរ​ពេទ្យកុមារអង្គរអាចបន្តផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារបានកាន់តែប្រសើរឡើងថែមទៀត។លើសពីនេះទៀត ការគាំទ្រឥតឈប់ឈរនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបានចំពោះមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ក៏បានមានប្រសាសន៍អំពាវនាវ សុំឲ្យសប្បុរសជនខ្មែរ​ទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមតាមគ្រប់រូបភាព ដូចជាការចែករំលែកថវិកាផ្ទាល់ខ្លួន​បរិច្ចាគមកកាន់ពិធីនេះ​ ឬជួយ​សែរផ្សព្វផ្សាយដំណឹងពិធីបុណ្យឲ្យកាន់តែអធិកអធមនៅតាមបណ្តាញសង្គម។ លោកក៏បានបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ ឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧ ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរបានចំនួន៧៣ ៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧នាក់ គឺដោយសារតែមានការជួយ​ជ្រោមជ្រែងពី​សប្បុរសជនមកពីគ្រប់ទិសទី។

ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយទាំងអស់ អាចចូលរួមដោយបរិច្ចាគថវិកាមកកាន់ មន្ទីរពេទ្យកុមារអង្គរ ដោយផ្ទាល់តាមរយៈគណនីធនាគារដោយមិនគិតសេវាដូចជា

  • ធនាគារ វីង ខេបូឌា (Wing)៖ 9122 (ប្រាក់រៀល) & 8122 (ប្រាក់ដុល្លារ)
  • ធនាគារ អេប៊ីអេ (ABA): 000 853 843
  • ធនាគារ អេស៊ីលីដា (ACELDA): 0100 0105 6968 28
  • ធនាគារ ស្ថាបនា (Sathapana): 078 0808 2834 1001 02
  • ឬក៏ចូលបច្ច័យផ្ទាល់នៅទីកន្លែងប្រារព្ធពិធីបុណ្យ (មន្ទីរពេទ្យកុមារអង្គរ​ ខេត្តសៀមរាប)
  • និងសប្បុរសជននៅក្រៅប្រទេសអាចបរិច្ចាគតាមLink Website៖​ https://virtualbonpka.raisely.com/

Ways You Can Help

Ongoing support from donors and volunteers allows us to continue to deliver high quality medical care to children affected by disease and poverty in Cambodia.