Skip to content
Compassionate healthcare and purposeful innovation for Cambodia’s children

បុណ្យផ្កាប្រាក់

មហាសាមគ្គី ឆ្នាំទី៧

វត្តរាជបូណ៌


Start : 8:00am on Sunday, August 30,2020. Wat Reach Bo, Siem Reap

Finish : 5.00pm on Sunday, August 30,2020. Wat Reach Bo, Siem Reap



បុណ្យផ្កាប្រាក់មហាសាមគ្គី គឺជាពិធីបុណ្យសាសនាមួយនៅក្នុងប្រទេសកម្ពុជា ប្រារព្ធឡើងក្នុងគោលបំណងកៀរគររៃអង្គាសប្រមូលទានឬថវិកាពីពុទ្ធសាសនិក និងសប្បុរសជន ដើម្បីកសាងអ្វីមួយនៅក្នុងសហគមន៍ ដូចជាវត្តអារាម ផ្លូវថ្នល់ ជីកស្រះ សង់សាលារៀន មន្ទីរពេទ្យ ជាដើម តាមរយៈអង្គភាពក្រៅរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម ឬបុគ្គលជាដើម។

ក្រោមការផ្តួចផ្តើមឡើងដោយ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវ​ណ្ណោ ព្រះរាជា​គណៈ​ថ្នាក់​ទោ ជា​ឧត្តម​ទី​ប្រឹក្សាគណៈសង្ឃនាយក និង ជា​សមាជិក​ថេរសភា​នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និង ព្រះធម្មសិរី ជុំ គឹមឡេង អាភាករោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសីលាចារ្យ ព្រះមេគណខេត្តសៀម​រាប ព្រមទាំងព្រះមន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ និង ពុទ្ធបរិស័ទក្នុងក្រុង/​ខេត្ត​សៀមរាប សហការជាមួយនឹងមន្ទីរពេទ្យកុមារអង្គរ រៀបចំ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ នៅទីតាំងក្នុងវត្តរាជបូណ៌ខេត្តសៀមរាប។ ក្រៅពីពិធីបុណ្យប្រចាំឆ្នាំនេះ ក៏មានព្រះសង្ឃ ឬសប្បុរសជន ផ្សេងទៀតប្រារព្ធពិធីបុណ្យបែបនេះនៅតាមវត្តអារាម ឬគេហដ្ឋានរបស់ខ្លួនផ្សេងទៀត ដើម្បីប្រមូលថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីប្រចាំឆ្នាំ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

AHC Bon Phka Prak Event at Wat Reach Bo
រូបភាពមួយចំនួនអំពីបុណ្យផ្កាប្រាក់មហាសាមគ្គី កាលពីឆ្នាំ២០១៩ – វត្តរាជបូណ៌

មន្ទីរពេទ្យកុមារអង្គរ មានព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំជាច្រើន ដើម្បីរៃអង្គាសមូលនិធិពីសប្បុរសជននៅក្នុងប្រទេសសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការនៃការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃ។  ក្នុងចំណោមព្រឹត្តិការណ៍ទាំងនោះ មាន ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ត្រូវបានប្រារព្ធឡើងជាប្រចាំឆ្នាំ ហើយក៏ជាព្រឹត្តិការណ៍មួយដែលប្រមូលថវិកាបរិច្ចាគពីសប្បុរសជនក្នុងប្រទេសបានច្រើនជាងគេផងដែរ។

ក្រុមការងាររៃអង្គាសក្នុងស្រុករបស់មន្ទីរពេទ្យកុមារអង្គរ ផ្តួចផ្តើមគំនិតក្នុងការច្របាច់បញ្ចូលគ្នាកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងសកម្មភាពរៃអង្គាសថវិកាដល់មន្ទីរពេទ្យដោយយល់ឃើញពីគោលបំណងស្របគ្នារវាងការធ្វើបុណ្យរបស់បុណ្យផ្កាប្រាក់ និងការជួយសង្គ្រោះជីវិតកុមារ របស់មន្ទីរពេទ្យ។

ថវិកាទាំងអស់នៃកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដែលប្រមូលបានទាំងអស់នឹងជាចំនែកជួយដល់ការពិនិត្យព្យាបាល ប្រកបដោយគុណភាពខ្ពស់ និងសេចក្តីមេត្តាករុណាក្នុងមន្ទីរពេទ្យ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រួមនឹងព្រះមេគណខេត្តសៀមរាប ព្រមទាំងមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តសៀមរាប បានមូលមតិគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់ ដល់មន្ទីរពេទ្យកុមារអង្គរជាលើកដំបូងក្នុងបង្អស់នៅក្នុងខែ កក្កដា ឆ្នាំ២០១៣។

បុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ តែងតែប្រារព្ធធ្វើឡើងនៅក្នុងខែមិថុនាជារៀងរាល់ឆ្នាំក្នុងឧបដ្ឋានវត្តរាជបូណ៌ ខេត្តសៀមរាប។ ចាប់តាំងពីការចាប់ផ្តើម កម្មវិធីរៃអង្គាសដ៏ល្បីល្បាញនេះបានក្លាយទៅជាកម្មវិធីដ៏ជោគជ័យ និងមានពុទ្ធសាសនិក សប្បុរសជនជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងក្លាយជាកម្មវិធីរៃអង្គាសដែលដក់ជាប់ក្នុងបេះដូងរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសទាំងមូល។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីប្រចាំឆ្នាំ ២០២០

ក្នុងឆ្នាំថ្មី ឆ្នាំ២០២០នេះមន្ទីរពេទ្យកុមារអង្គរ និងមានការសហការណ៍ដោយ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ នឹងប្រារព្ធកម្មវិធីនេះ គម្រប់ខួបលើកទី៧ ដែលនឹងរៀបចំធ្វើឡើងនៅឧបដ្ឋានវត្តរាជបូណ៌ផ្ទាល់តាមកាលវិភាគកំណត់។ យោងទៅតាមលទ្ធភាពនៃការគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរពេទ្យកុមារអង្គរ ក៏សម្រេចចិត្តរៀបចំព្រឹត្តិការណ៍មួយចំនួនដើម្បីរៃអង្គាសថវិកានៅក្នុងប្រទេសរបស់ខ្លួនឡើងវិញដូចជា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំនេះ គឺជាឆ្នាំទី ៧។

ពិធីបុណ្យឆ្នាំនេះ ធនាគារឯកទេស វីង​ (ខេមបូឌា) លីមីតធីត បានចូលរួមជាអ្នកផ្តើមបុណ្យផងដែរ ក្រោមអធិបតីភាព លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ហើយក៏គ្រោងនឹងសហការបង្កើនយុទ្ធនាការប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការផ្ទេរប្រាក់ជាមួយសេវាកម្មវីងផងដែរ។ មន្ទីរពេទ្យកុមារអង្គរ និង ធនាគារឯកទេស វីង​ (ខេមបូឌា) បានសហការគ្នាចាប់តាំងពីឆ្នាំ ២០១៧ ក្នុងការប្រតិបត្តិសេវាផ្ទេរប្រាក់បរិច្ចាគពីសប្បុរសជនទូទាំងប្រទេសមកកាន់មន្ទីរពេទ្យកុមារអង្គរ ព្រោះ វីង មានភ្នាក់ងារចំនួនជិត ៨០០០កន្លែងដែលអាចជួយសម្រួលការវេរប្រាក់នៅគ្រប់ទិសទី ទាំងនៅតាមទីជនបទ និងទីក្រុង។ ថវិការៃអង្គាសដែលទទួលបានពីពិធីនេះ នឹងត្រូវបានយកមកប្រើប្រាស់ក្នុងការផ្តល់សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជា មកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងតិច ៤០០ នាក់ក្នុងមួយថ្ងៃៗ នៅក្នុងមន្ទីរពេទ្យកុមារអង្គរដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា។

ទីតាំង / Where?: វត្តរាជបូណ៌ / Wat Reach Bo

កាលបរិច្ឆេទ / When?: ថ្ងៃអាទិត្យ / Sunday, 30 August 2020 at 8am-5am

ព័ត៌មានបន្ថែម / Need More Information?

T: 098/017 725 745 or 063 963 409

E: [email protected]



ពុទ្ធសាសនិក សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគបច្ច័យតាមរយៈ

Wing: KHR (9122) – USD (8122)

ABA Bank: 000 853 843 (Angkor Hospital for Children)

SATHAPANA Bank: 07808082834100102 (Angkor Hospital for Children)

ឫ បរិច្ចាគដោយផ្ទាល់

សៀមរាប: វត្តរាជបូណ៌ (ក្នុងថ្ងៃកម្មវិធី)

សៀមរាប: មន្ទីរពេទ្យកុមារអង្គរ (រៀងរាល់ម៉ោងធ្វើការ)

Follow the Event on Facebook
Colour bar element