fbpx Skip to content
Compassionate healthcare and purposeful innovation for Cambodia’s children

Donor Spotlight – គ្រឿងអលង្ការសប្បុរស និងសុខភាពកុមារ

AHC Donor

លោកស្រី អ៊ឹមផាន វណ្ណឌី អគ្គនាយិកា ក្រុមហ៊ុនគ្រឿងអលង្ការ ជាង​ បាក់ វណ្ណ ហុង និងក្រុមគ្រួសារ ព្រមទាំងសហការី ខិតខំគ្រប់ មធ្យោបាយ​ដូចជាការបង្កើតប្រអប់មូលនិធិសប្បុរសធម៌ និង កម្មវិធិគ្រឿងអលង្កការសប្បុរសធម៌ ដើម្បីអនុញ្ញាតឲ្យអតិថិជន និងដៃគូអាជីវកម្ម ឬ មិត្តភក្តិរបស់ខ្លួនបរិច្ចាគ កន្លងទៅថ្មីៗនេះបានលទ្ធផល យ៉ាងជោគជ័យ។

ចាប់តាំងពីមានការឆ្លងរីករាលដាលនៃជំងកូវីត ១៩ នៅក្នុងបណ្តា​ប្រទេសជាច្រើននៅលើពិភពលោក នាដើមឆ្នាំ ២០២០​ មកដល់ពេលបច្ចុប្បន្ននេះ ក្នុងនោះក៏មានព្រះរាជា​ណាចក្រកម្ពុជាផងដែរ បង្កឲ្យមានវិបត្តិជាមួយចំនួនដែលជះឥទ្ធិពលដល់ជីវិតរស់នៅរបស់មនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺប៉ះពាល់ជាខ្លាំងដល់សុខភាពរបស់ពួក​គេ។ ពេលវេលាដ៏លំបាកនេះ បានធ្វើឲ្យអង្គភាពអាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល ជាច្រើនជួបប្រទះនឹងការលំបាកនៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន ការស្វែងរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ដល់អង្គភាពរបស់ខ្លួនរួមទាំង អង្គការមន្ទីរពេទ្យកុមារអង្គរ ផងដែរ។ ទោះជាយ៉ាងនេះក្តី ក៏ថ្នាក់ដឹកនាំ និងបុគ្គលិក នៃមន្ទីរពេទ្យកុមារអង្គរ ទាំងអស់ នៅតែយកចិត្តទុក​ដាក់ បន្តផ្តល់សេវាសុខភាពរបស់ខ្លួនឥតឈប់ឈរ ដើម្បីធានាថាកុមារកម្ពុជា ត្រូវតែទទួលបាននូវសុខុមាលភាពដ៏ប្រសើរ និងឥតគិតកម្រៃដដែល។

កិច្ចការងារជួយសង្គ្រោះជីវិតកុមារ ប្រកបដោយក្តីមេត្តាករុណា បង្កើតបានជាស្នាមញញឹមដ៏ស្រស់​ស្រាយ​ដល់កុមារ​រាប់រយនាក់ក្នុងមួយថ្ងៃៗ ឲ្យរួចចាកផុតពីការយាយីនៃជំងឺជាច្រើន និងការផ្តល់ការបណ្តុះ បណ្តាលសមត្ថភាពបន្ថែម​អំពីការពិនិត្យ ព្យាបាល និងថែទាំសុខភាព ដល់បុគ្គលិកសុខាភិបាល ទាំងក្នុង និងក្រៅមន្ទីរពេទ្យរាប់ពាន់អ្នក ព្រមទាំង​ការងារអប់រំសុខភាពអំពីការបង្ការជំងឺផ្សេងៗរាប់ពាន់គ្រួសារ ក្នុងមួយ​ឆ្នាំៗ  បានអង្រួនបេះដូងរបស់សប្បុរសជន និងម្ចាស់ជំនួយជាច្រើន ឲ្យនៅតែខិតខំប្រឹងប្រែងពុះពារ​គ្រប់ឧបសគ្គ បន្ត​បរិច្ចាគជាថវិកា​ផ្ទាល់ខ្លួន និងរៀបចំជា​កម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ ដើម្បីចូលរួមចំណែកនៅ​ក្នុង​ការកៀរគមូលនិធិ ជួយដល់​មន្ទីរពេទ្យកុមារអង្គរ។ ទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តដ៏សប្បុរស ពោរពេញដោយក្តីស្រលាញ់ និង ការចូលរួមជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យយើងកំពុងជួយប្រទះ តួយ៉ាង លោកស្រី អ៊ឹមផាន វណ្ណឌី អគ្គនាយិកា ក្រុមហ៊ុនគ្រឿងអលង្ការ ជាង​ បាក់ វណ្ណ ហុង និងក្រុមគ្រួសារ ព្រមទាំងសហការី ខិតខំគ្រប់មធ្យោបាយ​ដូចជាការបង្កើតប្រអប់មូលនិធិសប្បុរសធម៌ និង កម្មវិធិគ្រឿងអលង្កការសប្បុរសធម៌ ដើម្បីអនុញ្ញាតឲ្យអតិថិជន និងដៃគូអាជីវកម្ម ឬ មិត្តភក្តិរបស់ខ្លួនបរិច្ចាគ កន្លងទៅថ្មីៗនេះបានលទ្ធផល យ៉ាងជោគជ័យ ដោយទទួលបានថវិកាសរុបចំនួន ២២ ៣១០ ដុលារអាមេរិក ដែលក្នុងនោះមាន៖

  • ថវិកាចំនួន ១០ ៤៨៩ ដុល្លារ បានមកពីកម្មវិធី គ្រឿងអលង្ការសប្បុរស ដែលជាកម្មវិធីរៃអង្គាសមូលនិធិពីការលក់គ្រឿងអល្លង្ការតាមរយៈ អនឡានចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ សម្រាប់ជាឱកាសអបអរសាទរទិវាកុមារ​អន្តរជាតិ
  • និង​ថវិកាចំនួន ៩ ៣២១ ដុល្លារ គឺប្រមូលបាន​មកពីការបរិច្ចាគរបស់អតិថិជនរបស់ក្រុមហ៊ុន ដែលបានដាក់ចូលក្នុងប្រអប់​មូលនិធិរយៈពេល ៥ខែ (មករា ឧសភា ២០២១)
  • ព្រមទាំងថវិកាចំនួន ២ ៥០០ ដុល្លារទៀត គឺជាថវិកាផ្ទាល់ខ្លួនរបស់​លោកស្រី និងស្វាមី ជាទឹកចិត្តដើម្បីតបស្នងចំពោះការផ្តល់វគ្គបណ្តុះ​បណ្តាលរៀបចំដោយមន្ទីរពេទ្យកុមារអង្គរ សហការ​ជាមួយនឹង លោក សោម សម្បត្តិ អគ្គនាយក្រុមហ៊ុន ថ្នាំពណ៌ជាតិខាំផែន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ អង្គការ​មន្ទីរពេទ្យកុមារអង្គរ ចំនួន ២ វគ្គស្តីអំពី “ភាពជាអ្នកលក់ឆ្នើម និងសីល្បៈក្នុងការលក់” ដល់​បុគ្គលិកក្រុមហ៊ុន នៅក្នុងក្រុង​ភ្នំពេញ និងក្រុងសៀមរាប កាលពីឆ្នាំ ២០២០ កន្លងទៅ។

សកម្មភាពសប្បុរសធម៌របស់លោកស្រី អ៊ឹមផាន់ វណ្ណឌី

 

លោកស្រី វណ្ណឌី បានបញ្ជាក់ថា ប្អូនប្រុស​ពៅរបស់ខ្ញុំកើតជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ ហើយក៏បានសម្រាកព្យាបាលរហូតដល់ជាសះស្បើយប្រកបដោយការ​យកចិត្ត​ទុកដាក់ រួសរាយរាក់​ទាក់​ពោរពេញដោយជំនាញវិជ្ជាជីវៈ និងកុមារដទៃទៀត ទោះជាពួកគេមានស្ថានភាពគ្រួសារបែប​ណាក៏ដោយ​ក៏ទទួលបាន​សេវាថែទាំ និងព្យាបាលដូចគ្នា ដោយមិនមានបង់ប្រាក់។  សេវាប្រកបដោយក្តីមេត្តា​ករុណា និង​មានគុណភាពបែបនេះ ជាអ្វីដែលពួកយើងចង់បាន ហើយក៏ចង់ថែរក្សាឲ្យគង់វង្សយូរអង្វែង សម្រាប់​កុមារ​កម្ពុជា​យើង ហេតុនេះទើបពួកយើង​ត្រូវតែជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ជាកិច្ចតបស្នងសងគុណ​ផង និងដើម្បី​ចូលរួមចំណែកចែករំលែកស្នាមញញឹម​ដល់កុមារគ្រប់រូបផងដែរ

“នាងខ្ញុំពិតជារំភើបមែនទែន ក្នុងនាមតំណាងឱ្យក្រុមហ៊ុន គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង និងសប្បុរសជន ដែលបានប្រមូលថវិកាពីការជាវគ្រឿងអលង្ការ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។ កុមារគឺជាទំពាំងស្នងឬស្សី ដូច្នេះភាពវិជ្ជមាន ស្នាមញញឹមដែលយើងផ្តល់ជូនគាត់គឺជាគឺជាថាមពលដ៏វិសេសមួយសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។”

លោកស្រី វណ្ណឌី គឺជាកូនស្រីច្បង នៃបងប្អូនស្រីប្រុសចំនួន៥ នាក់របស់គ្រួសារមួយដែលមានឳពុកជា​មន្ត្រីរាជការ និងម្តាយគឺជាមេផ្ទះមានទីកន្លែងកំណើតនៅក្នុងខេត្តសៀមរាប។ លោកស្រីបានរៀប​ការជាមួយនឹង​ស្វាមីដែលជាជាងមាស និងផ្លាស់ទីលំនៅមកនៅក្នុងទីក្រុងភ្នំពេញ រួចក៏ចាប់របរជាអ្នកលក់គ្រឿងអលង្ការ ហើយ​ក៏បានពង្រីករបររហូតដល់ក្លាយជាក្រុមហ៊ុនដ៏ធំដូចសព្វថ្ងៃនេះ។ លោកស្រី ជាមនុស្សដែលពោរពេញ​ដោយទឹកចិត្តសប្បុរសតាំងពីវ័យក្មេង មិនត្រឹមតែជាកូនសំណព្វ ជារៀមច្បងដ៏​ល្អ ជាឧត្តមភរិយា ជាម្តាយដ៏​មានព្រហ្មវិហារធម៌ ជាមេដឹកនាំដ៏ប្រពៃសម្រាប់បុគ្គលិក និងជាដៃគូអា​ជីវកម្មដ៏ស្មោះត្រង់សម្រាប់អតិថិជន និងអ្នកផ្គត់ផ្គង់ ថែមទៀត​ផង។ ជាងនេះទៅទៀត លោកស្រីក៏ជា​មនុស្សរួសរាយរាក់ទាក់ សាមញ្ញ និងមាននិស្ស័យជាមនុស្សធ្វើឲ្យអ្នកជុំវិញ​ខ្លួនមានស្នាមញញឹម មានក្តី​សប្បាយរីករាយ  និងមានក្តីសង្ឃឹមក្នុងជីវិត។

Ways You Can Help

Ongoing support from donors and volunteers allows us to continue to deliver high quality medical care to children affected by disease and poverty in Cambodia.