Skip to content
Compassionate healthcare and purposeful innovation for Cambodia’s children

មេនូឡាយហ្វ៍ ខេមបូឌា បរិច្ចាគទឹកប្រាក់ជាង ១១ម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារអង្គរ

AHC Donor, AHC News, Press

ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅប្រទេសកម្ពុជា បរិច្ចាគថវិកាចំនួន​ ១១០​ ២២៤ ដុល្លារអាមេរិក​ដល់មន្ទីរពេទ្យកុមារអង្គរ​ (AHC) ជាជំនួយសម្រាប់គម្រោង «​អប់រំសុខភាពសហគមន៍» ក្នុងឆ្នាំ ២០២២។ គម្រោងនេះ​ផ្តល់ការអប់រំសុខភាពសាធារណៈ និងលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព ដើម្បីកាត់បន្ថយជំងឺ និងមរណភាពមាតា និងទារក។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ ក្រុមហ៊ុន មេនូឡាយហ្វ៍​ ខេមបូឌា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យើងនឹងប្រារព្ធខួប ១០​ឆ្នាំ ​នៅក្នុងខែមិថុនាខាងមុខនេះ។ ក្នុងនាមជាក្រុមហ៊ុនដែលមានវត្តមានយូរអង្វែងជាងគេក្នុង​ទីផ្សារកម្ពុជា យើងមានកិត្តិយសដែលបានបន្តផ្តល់នូវការគាំទ្រដល់សហគមន៍តាមរយៈមន្ទីរពេទ្យកុមារអង្គរដើម្បីការរស់នៅប្រកបដោយសុខភាពល្អសម្រាប់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។»   លោកបានបន្តថា៖ «នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ជំរុញឱកាសសេដ្ឋកិច្ចរួម  និងការពន្លឿនអនាគតប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ អតិថិជន បុគ្គលិក និងដៃគូសហការរបស់យើង។»​

ការបរិច្ចាគនេះនឹងគាំទ្រដល់ការអនុវត្តគម្រោង «​អប់រំសុខភាពសហគមន៍» ផ្តោតលើការការពារជំងឺដល់ប្រជាពលរដ្ឋ​ជិត ៤​ ម៉ឺននាក់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាសហគមន៍មានប្រព័ន្ធថែទាំសុខភាពនៅមានកម្រិតនៅឡើយ ហើយមានតម្រូវការខ្ពស់លើផ្នែក​អប់រំសុខភាព។ គម្រោង «​អប់រំសុខភាពសហគមន៍» នឹងធ្វើឡើងក្នុងសកម្មភាព និងការបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗដូចជា ការថែទាំសុខភាពជាមូលដ្ឋាន ការសង្រ្គោះបឋម  អនាម័យទូទៅ សុខភាពមាត់ធ្មេញ​ និងភ្នែក អាហារូបត្ថម្ភ ​ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងប្រធានបទសុខភាពផ្សេងៗទៀត។​

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាដៃគូរសហការយ៉ាងជិតស្និត និងយូអង្វែងជាមួយមន្ទីរពេទ្យកុមារអង្គរក្នុងសកម្មភាពគាំទ្រសហគមន៍​។ ចាប់ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន ទឹកប្រាក់សរុបចំនួន ៥៤០ ២២៤ ដុល្លារអាមេរិកត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការរៃអង្គាសថវិកាពីបុគ្គលិក មេនូឡាយហ្វ៍ (Manulife) នៅទូទាំងពិភពលោកក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ក៏ដូចជាការបរិច្ចាគពីក្រុមហ៊ុនផ្ទាល់។

លោក វេជ្ជបណ្ឌិត ច័ន្ទភក្រ្តា ដែលជានាយកនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយលោកបានមានប្រសាសន៍ថា៖ «នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុន មេនូឡាយហ្វ៍ បានធ្វើការឧបត្ថម្ភនូវថវិកាមកកាន់មន្ទីរពេទ្យរបស់យើង ពោលគឺក្រុមហ៊ុនបានធ្វើការឧបត្ថម្ភជារៀងរាល់ឆ្នាំ។ សកម្មភាពមនុស្សធម៍នេះបានសបញ្ជាក់ពី ការប្តេជ្ញាចិត្តខ្ពស់ និងការរួមចំណែកយ៉ាងសកម្ម របស់ក្រុមហ៊ុន និងបុគ្គលិក ចំពោះការលើកកម្ពស់សុខភាពកុមារកម្ពុជា។»

​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមកហើយគិតចាប់​ពីឆ្នាំ ២០១២​ មក ក្នុងសកម្មភាពគាំទ្រ​សហគមន៍កម្ពុជារួមមាន​ ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ការចែកមួកសុវត្ថិភាព ​ការឧបត្ថម្ភ​ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត​​ ការរៃអង្គាសថវិកា​ដល់មន្ទីរពេទ្យកុមារ​​ និងកម្មវិធីនានាជាច្រើនទៀត៕

Ways You Can Help

Ongoing support from donors and volunteers allows us to continue to deliver high quality medical care to children affected by disease and poverty in Cambodia.