អាហារូបត្ថម្ភនៅតំបន់ជនបទក្នុងកំឡុងពេលនៃជំងឺកូវីដ១៩
នៅក្នុងភូមិតូចមួយនៅជិតប្រាសាទដែលមានឈ្មោះលី្បល្បាញ “ប្រាសាទបេងមាលា” ក្រុមការងារសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរកំពុងតែបង្រៀនក្រុមអ្នកម្តាយដើម្បីធ្វើបបរខាប់គ្រប់គ្រឿង ដើម្បីដោះស្រាយការកើនឡើងនៃជំងឺកង្វះអាហារូបត្ថម្ភលើកុមារក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។
ចាប់តាំងពីវិបត្តិជំងឺពិភពលោកកើតឡើងមក សហគមន៍ជនបទនៅក្នុងប្រទេសកម្ពុជាទទួលរងគ្រោះដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។ ប្រជាជនកម្ពុជាប្រមាណ៧២% រងគ្រោះដោយសារការបាត់បង់ប្រាក់ចំណូលពីជំងឺកូវីដ១៩ដោយផ្ទាល់ឬប្រយោល (យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក) ក្នុងនោះ ស្រី្តទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។ ផលលំបាកផ្នែកសេដ្ឋកិច្ចបានបង្ខំឱ្យគ្រួសារមួយចំនួនកាត់បន្ថយការចំណាយលើអាហារប្រចាំថ្ងៃនិងការថែទាំសុខភាព។
អសន្តិសុខស្បៀងដែលកំពុងកើតមាន និងរបបអាហារមិនត្រឹមត្រូវ បានគំរាមកំហែងដល់ការប្រែប្រួលសុខភាពកុមារក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះធ្វើឱ្យកុមាររាប់ពាន់នាក់ ប្រឈមនឹងការលូតលាស់មិនបានល្អ ការថយចុះការអភិវឌ្ឍន៍ការលូតលាស់ និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ នៅមន្ទីរពេទ្យកុមារអង្គរ យើងសង្កេតឃើញនូវការកើនឡើងចំនួន ៣៩ភាគរយ ចំពោះកុមារដែលខ្វះអាហារូបត្ថម្ភបើប្រៀបធៀបនឹងឆ្នាំមុន។

“អ្នកភូមិមានការលំបាក ដោយរកប្រាក់ចំនូលបានតិច ប៉ុន្តែការចំនាយលើម្ហូបអាហារមានការកើនឡើង” លោក ភួង ធី មានប្រសាសន៍ (Project Team Leader)។ “អ្នកភូមិមួយចំនួនបង្ខំចិត្តស្វែងរកម្ហូបអាហារដែលរកបាននៅក្បែរៗផ្ទះ ធ្វើឲ្យអាហារូបត្ថម្ភរបស់កូនៗពួកគេក៏រងផលប៉ះពាល់ដែរ ” ។ លោក ភួង ធី និងក្រុមការងារសហគមន៍បន្តចុះទៅសហគមន៍ដាច់ស្រយ៉ាលដើម្បីធ្វើការបណ្តុះបណ្តាលការធ្វើបបរខាប់គ្រប់គ្រឿងព្រមទាំងបង្រៀនអំពីសារៈសំខាន់នៃអាហារូបត្ថម្ភត្រឹមត្រូវ។
អាហារដែលគ្មានជីវជាតិចញ្ចឹមសម្បូរបែប កង្វះមធ្យោបាយក្នុងការទទួលបានទឹកស្អាត និងអនាម័យ ជាកត្តារួមចំណែកនៃកង្វះអាហារូបត្ថម្ភលើកុមារ ធ្វើឲ្យកុមារជាច្រើនងាយរងគ្រោះដោយសារជំងឺឆ្លងផ្សេងៗ។ កង្វះមីក្រូសារជាតិចិញ្ចឹម មិនត្រឹមតែប៉ះពាល់ដល់ការអភិវឌ្ឍន៍រាងកាយនិងប្រព័ន្តភាពសុំាប៉ុណ្ណោះទេ តែវាក៏អាចប៉ះពាល់ដល់សមត្ថភាពផ្លូវចិត្ត និងជំនាញភាសាផងដែរ។ ការសិក្សាមួយក្នុងឆ្នាំ២០១៦បានរកឃើញថា កុមារកម្ពុជាប្រមាណ៣២%(អាយុពី៦ទៅ៥៩ខែ)រស់នៅតំបន់ជនបទ គឺមានជំងឺខ្វះឈាមក្រហមធ្ងន់ធ្ងរ បណ្តាលឱ្យមានផលវិបាកដល់សុខភាពនិងផលិតភាពរបស់ពួកគេ។
នៅក្នុងភូមិដាច់ស្រយ៉ាលមួយ ក្រុមការងារបុគ្គលិកមន្ទីរពេទ្យកុមារអង្គរបានជួបជុំជាមួយនឹងក្រុមអ្នកម្តាយ និងកូនៗជាច្រើននៅក្នុងភូមិ ដើម្បីចែករំលែកចំណេះដឹងក្នុងការធ្វើបបរខាប់គ្រប់គ្រឿង និងវគ្គបណ្តុះបណ្តាលពីអាហារូបត្ថម្ភតឹ្រមត្រូវ។ ផ្ទះធំនៅកណ្តាលភូមិមួយត្រូវបានប្រមូលផ្តុំពេញដោយវត្តមានអ្នកម្តាយ និងកូនៗកំពុងនិយាយគ្នាលេងសប្បាយក្អាកក្អាយ ខណៈដែលកូនៗតូចៗខ្លះរង់ចាំបបរខាប់ដែលកំពុងចំអិន។
ក្រុមអ្នកម្តាយទទួលបានការបង្រៀនផ្ទាល់ពីក្រុមការងាររបស់មន្ទីរពេទ្យកុមារអង្គរ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានសុខភាពល្អនិងងាយរកបាននៅក្នុងភូមិ រួមមានល្ពៅ ស្ពៃចង្កឹះ ត្រី និងអង្ករ។ “វាមានភាពងាយស្រួល ដោយសារគ្រឿងទាំងអស់ហ្នឹង យើងអាចស្វែងរកនិងដាំដុះបាននៅក្នុងភូមិ” អ្នកស្រីរដ្ឋាដែលមានកូន៥នាក់ និយាយ “ យើងអាចធ្វើម្ហូបដែលមានសុខភាពល្អបានច្រើនជាងមុន ជាជាងដើររកចំណីអាហារពីក្រៅដែលពុំសូវមានជីវជាតិ”។ លើសពីនេះទៀតក្រុមអ្នកម្តាយបានរៀនអំពីក្រុមអាហារផ្សេងៗ និងសារៈសំខាន់នៃរបបអាហារចម្រុះ។ ដោយសារតែសាច់កាន់តែឡើងថ្លៃ អ្នកម្តាយចាំបាច់ត្រូវបញ្ចូលក្រុមអាហារបន្ថែមនិងប្រភពប្រូតេអ៊ីនដទៃទៀតដើម្បីបង្កើនរបបអាហាររបស់កូនៗ “ថ្ងៃនេះ ខ្ញុំបានរៀនវិធីសាស្ត្រថ្មីៗ ដើម្បីជួយលើកកម្ពស់សុខភាពក្រុមគ្រួសាររបស់ខ្ញុំ” អ្នកស្រីរដ្ឋានិយាយ។

ក្រុមការងារសហគមន៍ធ្វើដំណើរជាង២ម៉ោងពីក្រុងខេត្តសៀមរាបដើម្បីទៅកាន់ភូមិផ្សេងៗនៅក្នុងខេត្តសៀមរាប។ បើយោងតាម លោក ភួង ធី ជួនកាលការធ្វើដំណើរអាចចំណាយពេលច្រើនជាងនេះដល់ទៅពីរដងដោយសារតែទឹកលិចផ្លូវក្នុងរដូវវស្សា។ នៅពេលចុះទៅភូមិម្តងៗ ក្រុមការងារចុះទៅផ្សារនៅក្នុងតំបន់ដើម្បីទិញគ្រឿងនិងសម្ភារៈដែលត្រូវការសម្រាប់ការបង្រៀនធ្វើបបរខាប់គ្រប់គ្រឿង បន្ទាប់មករៀបចំដាក់តាំងនៅលើរ៉ឺម៉កអាហារូបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ។ មានពេលខ្លះក្រុមការងារសហគមន៍តម្រូវឲ្យស្នាក់នៅតំបន់ដែលត្រូវបង្រៀន ឆ្ងាយពីក្រុមគ្រួសារខ្លួនឯង ដើម្បីជួយលើកកម្ពស់សុខុមាលភាពសហគមន៍ដែលនៅឆ្ងាយដាច់ស្រយ៉ាល។

នៅក្នុងត្រីមាសនេះ ក្រុមការងារសហគមន៍របស់មន្ទីរពេទ្យបានចុះអប់រំសុខភាពអ្នកភូមិជាង ១២០ ០០០នាក់ លើប្រធានបទជាច្រើន ចាប់តាំងពីសកម្មភាពសហគមន៍បានអនុញ្ញាតឡើងវិញ បន្ទាប់ពីវិបត្តិសុខភាពពិភពលោកកើតឡើង តាមរយៈការអប់រំនៅតាមសហគមន៍ និងការផ្សព្វផ្សាយព័ត៌មានអំពីជំងឺកូវីដ១៩។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរបបអាហារមិនល្អបានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា បន្ថែមពីលើនេះវិបត្តិសុខភាពពិភពលោកក្នុងពេលបច្ចុប្បន្នដែលបណ្តាលមកពីជំងឺកូវីដ១៩ បានបន្ថែមបន្ទុកលើជំងឺកង្វះអាហារូបត្ថម្ភមួយកម្រិតទៀត។ កម្មវិធីអាហារូបត្ថម្ភរបស់មន្ទីរពេទ្យកុមារអង្គរនៅតែបន្តពង្រឹងវិសាលភាពរបស់ខ្លួន ជួយដល់សុខុមាលភាពប្រជាជននៅក្នុងសហគមន៍តាមរយៈការបង្កើនការយល់ដឹងអំពីអាហារូបត្ថម្ភដែលត្រឹមត្រូវ និងបន្តខិតខំប្រឹងប្រែងជួយការពារនិងលើកម្ពស់សុខុមាលភាពកុមារកម្ពុជាទាំងមូល។
Ways You Can Help
Ongoing support from donors and volunteers allows us to continue to deliver high quality medical care to children affected by disease and poverty in Cambodia.